Cam Bank News

ចាយពេលតែ ៣ខែ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ចំណេញបានជាង ៨លានដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនអភិវឌ្ឍលើតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបង្ហាញពីរបាយការណ៍នៃលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់ខ្លួន ដោយនាត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ក្រុមហ៊ុនរកប្រាក់ចំណេញសុទ្ធបានចំនួន ៨.៤លានដុល្លារ កើនឡើងដល់ទៅ ៥៣ដងធៀបនឹងត្រីមាសដំបូងឆ្នាំមុន ដែលចំណេញសុទ្ធបានត្រឹមតែចំនួន ១៥៨ ៩៩៨ដុល្លារ។

ទន្ទឹមនឹងនោះ ប្រាក់ចំណូលប្រចាំត្រីមាស មានការកើនឡើងរហូតដល់ទៅ៥១២% ឯណោះពីមួយឆ្នាំទៅមួយឆ្នាំ ដោយឆ្នាំនេះកើនដល់ចំនួន ២៤.៩លានដុល្លារ ខុសគ្នាពីមុនមានត្រឹម ១៨.៧លានដុល្លារ ខណៈការកើនឡើងយ៉ាងកំរោលបែបនេះ គឺភាគច្រើនដោយសារតែការលក់ដីធ្លី មានការកើនឡើងខុសពីត្រីមាសឆ្នាំមុនៗ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ផ្តោតសំខាន់គឺពាក់ព័ន្ធនឹងការបង្កើត អភិវឌ្ឍ និងប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីប្រមាណ ៣៥៧ហិកតាក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមានក្រុមហ៊ុនបរទេសចំនួន៩០ មកពី ១៤ប្រទេសកំពុងឈររកស៊ីនៅទីតាំងរបស់ខ្លួន។ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ក៏កាន់កាប់ទាំងស្រុងនូវក្រុមហ៊ុន Royal Group Kandal SEZ Co Ltd និង Royal Group Poipet SEZ Co Ltd. ផងដែរ៕

Related Articles