Cam Bank News

ដឹកនាំក្រុមហ៊ុនខ្ទង់៦០ឆ្នាំ មហាសេដ្ឋី Warren Buffett សម្រេចដើរចេញពីក្រុមហ៊ុនត្រៀមខ្លួនចូលនិវត្តន៍

បិតាវិនិយោគលោក Warren Buffett ជាមហាសេដ្ឋីមួយរូបរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងចំៗថា ខ្លួននឹងដើរចេញពីក្រុមហ៊ុន Berkshire Hathaway ក្នុងនាមជានាយកប្រតិបត្តិ នាបំណាច់ចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី Euro News ។

លោក Buffet ក៏បានបន្ថែមផងថា ខ្លួននឹងណែនាំទៅកាន់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននៅថ្ងៃអាទិត្យ ដោយឲ្យលោក Greg Abel មានតួនាទីជាអនុប្រធាន ឡើងកាន់តំណែងជំនួស។ « ខ្ញុំគិតថា ពេលវេលាបានមកដល់ហើយ លោក Greg មានសមត្ថភាពគ្រប់គ្រាន់អាចក្លាយជានាយកប្រតិបត្តិក្រុមហ៊ុននៅដាច់ឆ្នាំនេះបាន» នេះបើតាមការលើកឡើងរបស់លោក Buffet ។

ជម្រាបជូនថា បច្ចុប្បន្នមហាសេដ្ឋីជំនាញវិនិយោគ លោក Buffet មានទ្រព្យសម្បត្តិចំនួន ១៦៨ពាន់លានដុល្លារ ខណៈលោកគ្រប់គ្រងក្រុមហ៊ុន Berkshire Hathaway តាំងតែពីឆ្នាំ១៩៦៥ ដែលដើមឡើយជាក្រុមហ៊ុនផលិតវាយនភ័ណ្ឌ។ កន្លងមក ៦០ឆ្នាំ លោក Buffet បានប្រែក្លាយក្រុមហ៊ុនពីការផលិតវាយនភ័ណ្ឌដែលសឹងតែដួលរលំ ទៅជាក្រុមហ៊ុនជោគជ័យទាក់ទងនឹងផ្សារហ៊ុន៕

Related Articles