Cam Bank News

ធនាគារ FTB បង្ហាញភាពស្និទស្នាលជាមួយក្រុមហ៊ុន Hyundai Camko Company ក្នុងបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅអគារពាណិជ្ជកម្ម FTB Tower ធនាគារ FTB បានរៀបចំជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយក្រុមហ៊ុន Hyundai Camko Company ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ជំនួបនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ FTB និង ឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាល Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Incheon ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរផងដែរ។

ជំនួបនេះបានផ្តល់ឱកាសដ៏មានសារៈសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរទស្សនៈ ពិភាក្សាអំពីឱកាសកិច្ចសហប្រតិបត្តិការ និងបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ និងមាននិរន្តរភាពនាពេលអនាគត។

ក្រុមហ៊ុន Daejoo KC Group គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Hyundai Camko Company នៅកម្ពុជាដែលមានការិយាល័យកណ្ដាលនៅទីក្រុងភ្នំពេញ។

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានបង្កើតឡើងនៅ ថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៧៩ ដោយអនុក្រឹត្យលេខ១២១៣ ក្នុងអតីតរបបរដ្ឋកម្ពុជា។ ក្នុងឆ្នាំ២០០០ ធនាគារបានបំបែកចេញ ពីការគ្រប់គ្រងផ្ទាល់របស់ធនាគារជាតិ នៃកម្ពុជា (ធនាគារកណ្តាល) ដើម្បីផ្ទេរអត្តសញ្ញាណរបស់ខ្លួនឱ្យក្លាយទៅជាធនាគារពាណិជ្ជរបស់រដ្ឋដែលជាគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងក្នុងគោលបំណងឈានទៅរកប្រតិបត្តិការអាជីវកម្មស្វយ័ត៕

Related Articles