ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងសង្គម ធនាគារ កាណាឌីយ៉ា ក្រោមគម្រោង Canadia Bank Cares បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន តារា អុិនសួរិន រៀបចំយុទ្ធនាការអប់រំដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ “ចាប់ផ្តើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកពីថ្ងៃនេះ”។

យុទ្ធនាការនេះ គឺជាសក្ខីភាពមួយសរឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ កាណាឌីយ៉ា ក្នុងការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់កុមារ និងយុវជនជំនាន់ក្រោយ។ មាតាបិតាដែលបានចូលរួមបានសម្តែងការត្រេកអរ និងយល់ឃើញថា ចំណេះដឹងទាំងនេះគឺជាឧបករណ៍ដ៏សំខាន់ក្នុងការជួយឱ្យពួកគាត់អាចបន្តវិនិយោគលើក្តីស្រមៃ និងអនាគតដ៏ភ្លឺស្វាងរបស់បុត្រធីតារបស់ខ្លួនប្រកបដោយទំនុកចិត្ត។
ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជារបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ។ គិតមកដល់ពេលនេះ ធនាគារ កាណាឌីយ៉ា មានវត្តមានលើទីផ្សារហិរញ្ញវត្ថុកម្ពុជា រយៈពេលជាង៣០ឆ្នាំមកហើយ ពោលបានបើកដំណើរការដំបូង កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១៕




