Cam Bank News

ធនាគារ វីង ឧបត្ថម្ភកុំព្យូទ័រយួរដៃ ២៥គ្រឿង ជូនអង្គការ IFL ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ពិភពឌីជីថលសម្រាប់សិស្សានុសិស្សខ្វះខាត

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់កុំព្យូទ័រយួរដៃចំនួន ២៥ គ្រឿង ជូនដល់អង្គការ Investment for Life (IFL)។ នេះគឺជាជំហានដំបូងដ៏សំខាន់នៃគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាពឌីជីថល សម្រាប់សិស្សានុសិស្សដែលខ្វះខាត និងខ្វះខាតឱកាសទទួលបានការអប់រំបច្ចេកវិទ្យាទំនើប។

ការឧបត្ថម្ភនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងរបស់អង្គការ IFL ក្នុងការរៀបចំបន្ទប់កុំព្យូទ័រថ្មីស្រឡាងមួយ នៅវិទ្យាល័យ ត្រពាំងត្នោត ស្ថិតក្នុងខេត្តកណ្តាល។ បន្ទប់កុំព្យូទ័រថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាដ៏រស់រវើកមួយ ដែលអនុញ្ញាតឱ្យប្អូនៗសិស្សានុសិស្សរាប់រយនាក់ អាចចូលប្រើប្រាស់ និងទទួលបាននូវការបណ្តុះបណ្តាលជំនាញកុំព្យូទ័រមូលដ្ឋាន ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងសម័យកាលបច្ចុប្បន្ន។

ក្រៅពីជំនាញបច្ចេកវិទ្យា កម្មវិធីសិក្សានៅក្នុងបន្ទប់កុំព្យូទ័រថ្មីនេះ ក៏នឹងរួមបញ្ចូលការបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ព្រមទាំងចំណេះដឹងហិរញ្ញវត្ថុផងដែរ។ គំនិតផ្តួចផ្តើមរវាងធនាគារ វីង និងអង្គការ IFL មិនត្រឹមតែជួយផ្លាស់ប្តូរជីវិតរបស់សិស្សានុសិស្សនៅតាមតំបន់ដែលខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានសក្តានុពល និងបរិយាបន្ន។

ធនាគារ វីង (ខេមបូឌា) ម.ក គឺជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ​ ១០០% ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល ។ ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ នវានុវត្តន៍ប្រកបដោយការ ទទួលខុសត្រូវ និងសមត្ថភាពឌីជីថលដ៏ទំនើប ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែបជាង ១០០ប្រភេទតាមរយៈអេប Wing Bank៕

Related Articles