Cam Bank News

ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO/IEC 27001:2022 ធានាសុវត្ថិភាពទិន្នន័យអតិថិជនកម្រិតខ្ពស់បំផុត

ថ្មីៗនេះ ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2022 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលជាស្តង់ដាទទួលស្គាល់នៅទូទាំងសកលលោក។ ការទទួលបានវិញ្ញាបនបត្រនេះមិនត្រឹមបានបំពេញគ្រប់លក្ខខណ្ឌតម្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសរបញ្ជាក់យ៉ាងច្បាស់តាមរយៈសវនកម្មឯករាជ្យថា ប្រព័ន្ធការពារហិរញ្ញវត្ថុ ទិន្នន័យ និងរាល់ការធ្វើប្រតិបត្តិការទាំងអស់របស់អតិថិជន ពិតជាមានសុវត្ថិភាព និងឆ្លើយតបទៅនឹងបទដ្ឋានសុវត្ថិភាពដ៏តឹងរ៉ឹងបំផុតលំដាប់ពិភពលោក។

ធនាគារ វីង បានឱ្យដឹងថា  វិញ្ញាបនបត្រនេះផ្ដល់នូវការការពារយ៉ាងទូលំទូលាយដល់ប្រព័ន្ធបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ វីង ដែលក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានបច្ចេកវិទ្យា (IT) និងសេវាកម្មក្លោដ ការអភិវឌ្ឍកម្មវិធី Software និងប្រព័ន្ធឌីជីថល ប្រតិបត្តិការសន្តិសុខអ៊ីនធឺណិត សេវាបម្រើអតិថិជន ព្រមទាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងការស្ដារប្រព័ន្ធឡើងវិញ ពោលគឺគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ទាំងអស់ សុទ្ធសឹងតែមានការការពារសុវត្ថិភាពយ៉ាងហ្មត់ចត់ និងពេញលេញបំផុត។

ធនាគារ វីង (ខេមបូឌា) ម.ក គឺជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ​ ១០០% ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល ។ ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ នវានុវត្តន៍ប្រកបដោយការ ទទួលខុសត្រូវ និងសមត្ថភាពឌីជីថលដ៏ទំនើប ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែបជាង ១០០ប្រភេទតាមរយៈអេប Wing Bank៕

Related Articles