Cam Bank News

ក្រុមការងារអន្តរក្រសួង ពិភាក្សាកែសម្រួលកម្រៃ និងនីតិវិធីសេវាសម្រាប់ MSMEs ដើម្បីត្រៀមភ្ជាប់ទៅក្នុងប្រព័ន្ធ CamDX ត្រឹមដំណាច់ខែកញ្ញា

ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពកែសម្រួលនីតិវិធីសេវាសាធារណៈសំខាន់ៗ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពី ១៣ ក្រសួង-ស្ថាប័ន។ របៀបវារៈចម្បងនៃជំនួបពិភាក្សានេះ គឺការផ្ដោតលើការពិនិត្យលទ្ធភាពកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពនៃលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជំនាញ របស់ក្រសួង-ស្ថាប័នទាំងឡាយណាដែលមានសេវាគោលពាក់ព័ន្ធផ្ទាល់ជាមួយ MSMEs។

ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំតភ្ជាប់សេវាទាំងនោះ ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ឱ្យបានទាន់ពេលវេលា ពោលគឺឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ៕

Related Articles