សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ឯ.ក បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អគ្គលេខាធិការដ្ឋាន អ.ស.ហ.) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។

ពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវរួមគ្នា និងការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយបង្កើនសមត្ថភាពយល់ដឹងដល់និស្សិត ក៏ដូចជាមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថល និងធានាបាននូវការរីកចម្រើនប្រកបដោយចិរភាព ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
តំណាងនៃស្ថាប័នទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តរាល់ចំណុចព្រមព្រៀងក្នុង MOU នេះឱ្យទទួលបានលទ្ធផលផ្លែផ្កាខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែដើរទាន់សម័យកាលឌីជីថល៕


