Cam Bank News

ឯកឧត្តមបណ្ឌិត កៅ ថាច៖ ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ គឺជាកម្លាំងចលករសម្រាប់កៀរគរធនធាន និងបង្កើនកម្មវិបាកដល់អភិវឌ្ឍន៍ក្នុងតំបន់

ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព​រួម៖ ការជំរុញសក្តានុពលក្នុងតំបន់ – Partnerships for Prosperity: Unlocking Regional Potential” នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានថ្លែងថា ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ គឺជាកម្លាំងចលករសម្រាប់កៀរគរធនធាន និងបង្កើនកម្មវិបាកដល់អភិវឌ្ឍន៍ (Development Impact) ក្នុងតំបន់។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាប្រឈមអភិវឌ្ឍន៍ក្នុងតំបន់ (ដូចជាការប្រែប្រួលអាកាសធាតុ, ទំហំនៃហិរញ្ញប្បទានអភិវឌ្ឍន៍នៅមានកម្រិត, និងបរិយាប័ន្នសង្គម) មិនអាចដោះស្រាយដោយស្ថាប័នតែមួយបានឡើយ។ ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អាចជួយ កៀរគរធនធាន ចែករំលែកហានិភ័យ បង្កើនសហថាមពលជំនាញ និងពង្រីកហិរញ្ញប្បទាន ដើម្បីបង្កើតកម្មវិបាកអភិវឌ្ឍន៍កាន់តែទូលំទូលាយ។

បន្ថែមពីនេះ​ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា៖ “ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFIs) មួយ អាចផ្តល់ហិរញ្ញប្បទានដល់កម្មវិធីមួយ ប៉ុន្តែបណ្តាញ DFIs ដ៏រឹងមាំ អាចរួមគ្នាបង្កើតប្រព័ន្ធវិនិយោគមួយបាន” តាមរយៈការជំរុញការផ្តល់ហិរញ្ញប្បទានរួម ការចែករំលែកហានិភ័យ ការកៀរគរធនធាន និងការពង្រីកដំណោះស្រាយដែលមានប្រសិទ្ធភាពទៅកាន់ទីផ្សារ និងប្រទេសផ្សេងៗក្នុងតំបន់។

គួរបញ្ជាក់ថា សុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩, ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់នូវពាក្យមួយឃ្លាជូនដល់បណ្តាថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍, វិស័យឯកជន, និងភ្ញៀវកិត្តិយសដែលបានចូលរួម “ រួមគ្នាផ្តល់ហិរញ្ញប្បទាន រួមគ្នាកៀរគរធនធាន រួមគ្នាចែករំលែកហានិភ័យ និងរួមគ្នាពង្រីកផលជះ ដើម្បីវិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក៕

Related Articles