Cam Bank News

ធនាគារ ARDB ចូលរួមសិក្ខាសាលាស្តីពី “ការត្រៀមខ្លួនទទួលបានហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល” នៅខេត្តសៀមរាប

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងលោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាន និងសហការីនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ការត្រៀមខ្លួនទទួលបានហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល”នៅក្នុងសាលាខេត្តសៀមរាប។

សិក្ខាសាលានេះដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ , តំណាងក្រសួងកសិកម្ម ក្រុមហ៊ុន ANT FEED, SCE CONSTRUCTION, អ៊ឹង មុយគៀង អលង្ការពេជ្រ, ក្រុមហ៊ុន ខ្មែរមីលឃីហ្វូដ, KH Haitech-Haier Global Business, Vattanac Brewery, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារ អេស៊ីលីដា និងម្ចាស់សហគ្រាសប្រមាណជា ២១០រូប។

គោលបំណងនៃកម្មវិធីសិក្ខាសាលា គឺពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យយល់ដឹងពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីពង្រីកអាជីវកម្ម។ ផ្តល់ចំណេះដឹងជាក់ស្តែងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងការយល់ដឹងពីបទប្បញ្ញត្តិនានា។ ប្រមូលផ្តុំរាល់បញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន។

នៅក្នុងឱកាសនោះដែរ លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាន បានចូលរួមធ្វើបទបង្ហាញអំពីគោលការណ៍ឥណទានបស់ធនាគារ ARDB និងធ្វើជាវាគ្មិនឆ្លើយតបសំណួរពីម្ចាស់អាជីវកម្មទាក់ទងនឹងដំណើរការរៀបចំឥណទានដើម្បីទទួលបានប្រាក់កម្ចីយកទៅពង្រីកអាជីវកម្មបន្ថែម៕

Related Articles