Cam Bank News

ធនាគារ ADB វិនិយោគទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ ជំរុញក្រុមហ៊ុនកសិពាណិជ្ជកម្មដឹកនាំដោយស្ត្រីពីរនៅកម្ពុជា ឱ្យហោះហើរកាន់តែខ្ពស់

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ការវិនិយោគមូលធនថ្មីនូវទឹកប្រាក់សរុបចំនួន ៦០ម៉ឺនដុល្លារអាមេរិក ទៅដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មក្នុងស្រុកចំនួនពីរ ដែលដឹកនាំ និងមានសហកម្មសិទ្ធិជាស្ត្រីនៅកម្ពុជា។ ការវិនិយោគនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រដល់ក្រុមហ៊ុនទាំងពីរក្នុងការចាប់យក និងជំរុញឱកាសកំណើនថ្មីៗ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅក្នុងប្រទេស។

គម្រោងបោះទុនវិនិយោគនេះ ត្រូវបានធ្វើឡើងតាមរយៈ គម្រោង ADB Frontier ដែលជាគំនិតផ្តួចផ្តើមមួយក្នុងការគាំទ្រ និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ណាដែលមានសក្តានុពលខ្ពស់ក្នុងការរីកចម្រើនលឿន។ទឹកប្រាក់វិនិយោគនេះ នឹងត្រូវបែងចែកទៅជួយសម្រាល និងពង្រីកសក្តានុពលរបស់ក្រុមហ៊ុនឆ្នើមចំនួនពីរ រួមមាន៖សហគ្រាស សេកពីរ គឺជាក្រុមហ៊ុនកែច្នៃអាហារកម្ពុជាដ៏លេចធ្លោ ដែលដឹកនាំដោយស្ត្រី។ក្រុមហ៊ុន Khmer Milky Food (KMF) គឺជាក្រុមហ៊ុនកែច្នៃទឹកដោះគោក្នុងស្រុក ដែលមានស្ត្រីជាសហកម្មសិទ្ធិ។

តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពី ADB ក្រុមហ៊ុនកសិពាណិជ្ជកម្មទាំងពីរនេះ នឹងមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន ឱ្យកាន់តែធំជាងមុន ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក ឱ្យកាន់តែរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ អ្វីដែលជាផលវិជ្ជមានដ៏ធំធេងសម្រាប់សង្គមជាតិ គឺការវិនិយោគនេះ នឹងជួយបង្កើតឱកាសការងារថ្មីៗជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជារុញច្រានមួយជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូលឱ្យមានភាពធន់ និងនិរន្តរភាព។

Related Articles