Cam Bank News

ក្រសួងកសិកម្ម ជំរុញការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម-ស្បៀង

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការជំរុញបរិយាកាសវិនិយោគ និងការផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងស្បៀងអាហារនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងប្រកួតប្រជែងខ្ពស់។

នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតី និងផ្តល់ទស្សនទានដ៏មានសារៈសំខាន់ ក្រោមប្រធានបទ «ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្មស្បៀងអាហារនៅកម្ពុជា»។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងបានសង្កត់ធ្ងន់ទៅលើចំណុចគន្លឹះសំខាន់ៗចំនួន ៣ ដែលក្រសួងកំពុងយកចិត្តទុកដាក់ រួមមានការលើកទឹកចិត្តដល់ការវិនិយោគ តាមរយៈការបង្កើតយន្តការ និងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពងាយស្រួល និងទាក់ទាញសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។ បន្ទាប់មកគឺការផ្តល់ហិរញ្ញប្បទាន ដោយស្វែងរក និងបង្កើតលទ្ធភាពទទួលបានប្រភពទុនដែលមានការប្រកួតប្រជែង ដើម្បីគាំទ្រដល់កសិករ និងសហគ្រាសកសិកម្ម។ ព្រមទាំងការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋ វិស័យឯកជន និងសហគមន៍កសិករ ដើម្បីធានាបាននូវនិរន្តរភាពនៃខ្សែច្រវាក់តម្លៃទាំងមូល។

ព្រឹត្តិការណ៍ CAFE26 នេះ មិនត្រឹមតែជាវេទិកានៃការជួបជុំរវាងអ្នកជំនាញ និងតួអង្គពាក់ព័ន្ធក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពលពិតប្រាកដ និងគោលនយោបាយគាំទ្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប និងមានតម្លៃបន្ថែមខ្ពស់។

Related Articles