ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យមានភាពធន់ និងទំនើប ត្រូវការជាចាំបាច់នូវការចូលរួមចំណែកយ៉ាងសកម្មពីស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ទាំងការផ្គត់ផ្គង់ទុន និងការបើកឱកាសទីផ្សារ។

នៅក្នុងឱកាសចូលរួមក្នុងព្រឹត្តិការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងចក្ខុវិស័យរួមក្នុងការជំរុញវិស័យកសិកម្មខ្មែរ។ លោកបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការ និងការបង្កើតឱកាសឱ្យបងប្អូនកសិករ អ្នកផលិត ព្រមទាំងម្ចាស់អាជីវកម្មបានជួបជុំ និងភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
ក្នុងនាមជាធនាគាររបស់ខ្មែរ ធនាគារ ជីប ម៉ុង ជឿជាក់យ៉ាងមុតមាំថា ការរីកចម្រើននៃវិស័យកសិកម្មមិនអាចខ្វះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធបានឡើយ ជាពិសេសគឺការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សមស្របមួយ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម ពង្រីកឱកាសអាជីវកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរនៅលើទីផ្សារ។
ឆ្លើយតបនឹងការប្តេជ្ញាចិត្តនេះ កន្លងមក ធនាគារ ជីប ម៉ុង បានផ្តល់ហិរញ្ញប្បទានជិត ២០០ លានដុល្លារអាមេរិករួចមកហើយ ដល់វិស័យកសិកម្ម។ លើសពីនេះ ធនាគារមានគោលដៅយុទ្ធសាស្ត្រថ្មីក្នុងការបង្កើនការគាំទ្រហិរញ្ញវត្ថុឱ្យឈានដល់ ៥០០ លានដុល្លារអាមេរិក ដើម្បីរួមចំណែកពង្រឹងសក្តានុពលវិស័យកសិកម្មកម្ពុជា កាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលពីខាងក្រៅ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផលិតផលក្នុងស្រុកឱ្យកាន់តែមានឥទ្ធិពល។
តាមរយៈផែនការយុទ្ធសាស្ត្រ និងកញ្ចប់ហិរញ្ញប្បទានដ៏ធំសម្បើមនេះ ធនាគារ ជីប ម៉ុង បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឈរជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំ និងឆ្លាតវៃសម្រាប់កសិករ និងអាជីវកម្មខ្មែរគ្រប់កម្រិត ដើម្បីរួមគ្នាជំរុញការរីកចម្រើននៃវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅរកនិរន្តរភាព និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយភាពចីរភាព។



