Cam Bank News

ធនាគារ អេស៊ីលីដា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ

កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ ដោយមាន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. ជាមួយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាហត្ថលេខី។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យ វិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ៕

Related Articles