Sunday, 15 November 2026
Banking

ធ្វើការឲ្យធនាគារ CIMB ជាង ១២ឆ្នាំ លោក ហុង ជៀប វិវត្តន៍ខ្លួនកាន់បានតំណែងធំ ក្លាយជា CEO

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ប្រកាសអំពីការតែងតាំងលោក ហុង ជៀប ជាប្រធាននាយកប្រតិបត្តិ (CEO) ថ្មី ដោយត្រូវបន្តតំណែងបន្ទាប់ពីលោក ប៊ុន យីន សម្រេចចូលនិវត្តន៍ពីតួនាទីរបស់លោក។

លោក ហុង ជៀប ឡើងកាន់មុខតំណែងថ្មី ជាមួយនឹងចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ការងារជាច្រើនឆ្នាំ ក្នុងវិស័យធនាគារ នៃប្រទេសកម្ពុជា។ លោកបានចូលបម្រើការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងធនាគារ CIMB ចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ ក្នុងមុខតំណែងជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ CIMB អស់រយៈពេល ៥ឆ្នាំ ហើយក្រោយមកត្រូវបានតែងតាំងជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨។

ជាមួយគ្នានេះ លោកក៏បំពេញតួនាទីជា ប្រធាននាយកប្រតិបត្តិស្តីទី (Acting CEO) ដែលដឹកនាំ និងបន្តប្រតិបត្តិការរបស់ធនាគារ CIMB ពេលអវត្តមានរបស់ CEO។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ដឹកនាំ ក្នុងមុខតំណែងជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល រួមទាំងជានាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៅពេលតែមួយ ក្នុងឆ្នាំ២០២១ផងដែរ។

មុនពេលចូលបម្រើការងារ នៅធនាគារ CIMB លោក ហុង ជៀប មានបទពិសោធន៍ការងារគួរឱ្យកត់សម្គាល់ លើមុខងារបម្រើសេវាកម្មអតិថិជន និងគ្រប់គ្រងហានិភ័យ ហើយលោកក៏ធ្លាប់បានបម្រើការងារជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារបរទេសមួយ នៅក្នុងប្រទេសឡាវផងដែរ។

ជាមួយនឹងបទពិសោធន៍ការងារដ៏លេចធ្លោរបស់ខ្លួន លោក ហុង ជៀប មានចំណេះដឹងយ៉ាងស៊ីជម្រៅ លើការវិវឌ្ឍ ក្នុងទីផ្សារ និងតម្រូវការកើនឡើងរបស់អតិថិជន នៅប្រទេសកម្ពុជា។ លោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការអនុវត្តយុទ្ធសាស្រ្តសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ដោយសម្រេចបានកំណើនឥណទានយ៉ាងឆាប់រហ័ស ព្រមទាំងរក្សាបាននូវគុណភាពទ្រព្យសកម្មល្អប្រសើរ បង្កើនទំហំប្រាក់បញ្ញើ លើកកម្ពស់សមត្ថភាព និងផលិតភាព នៃក្រុមការងារ រួមទាំងបង្កើនប្រាក់ចំណេញ និងភាពរីកចម្រើន សម្រាប់ធនាគារទាំងមូលផងដែរ។

សូមជម្រាបផងដែរថា ក្រោយពីការចូលនិវត្តន៍ លើមុខតំណែងជា ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យីន នៅតែបន្តបំពេញមុខងារ ក្នុងក្រុមប្រឹក្សាភិបាល របស់ធនាគារ CIMB ក្នុងនាមជា អភិបាលមិនឯករាជ្យ៕