តាមរយៈអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ប្រាប់ឲ្យដឹងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា រួមមានដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទៅកាន់ទីផ្សារឯក្រៅប្រទេស មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ កើនឡើង២០.១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ឯកឧត្តមបានបន្តថា ទីផ្សារអាស៊ាន មានកំណើន២៤% ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន២០.៨% ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន១៩.៩% ហើយសូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត២៥.៧% ផងដែរ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងដែរថា រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានឡើងមកឈរលេខរៀងទី៨ លើពិភពលោកក្នុងការនាំចេញ សម្លៀកបំពាក់ និងស្បែកជើង។ ទន្ទឹមនឹងនេះ វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ គឺជាវិស័យមួយដែលមានការរីកចម្រើនលឿនបំផុត ដែលមានចំនួនជាង ១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា៕