Cam Bank News

មហាសេដ្ឋីទាំង ៣រូបនេះ ទោះមានទ្រព្យច្រើនប៉ុណ្ណា ក៏មិនចែកកេរ្តិ៍ឲ្យកូនដែរ ហើយនេះជាហេតុផល

បុគ្គលមានទ្រព្យច្រើនមហាសាលនៅលើលោកយើងនេះ មានទាំងលោក Bill Gates មានទាំង Mark Zuckerberg និងបិតាវិនិយោគ Warren Buffet ជាដើម បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការដែលមិនចែកទ្រព្យសម្បត្តិដល់សាច់ឈាម ជាកូនជាចៅជំនាន់ក្រោយរបស់ខ្លួននោះទេ ដោយលើកហេតុផលរៀងៗខ្លួនបែបនេះថា៖

ដូចលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta និងភរិយាលោកស្រី Chan Zuckerberg ដែលមានកូនចំនួន ៣នាក់ ក៏ធ្លាប់បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ពួកគេដែលរកបានទាំងនោះ គឺចង់ផ្តល់ទៅកាន់សង្គម ការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រ និងការអប់រំជាដើម ដោយថាសង្គមរបស់យើងត្រូវការអភិវឌ្ឍពីឥឡូវទៅ ដើម្បីកែលម្អពិភពលោកមួយនេះកាន់តែមានភាពរីកចម្រើន។

ចំណែក សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏ធ្លាប់បានលើកឡើងដែរថា “កូនៗរបស់ខ្ញុំ ទទួលបានការអប់រំយ៉ាងខ្ពង់ខ្ពស់ពីខ្ញុំ និងពីសាលា ប៉ុន្តែបើនិយាយអំពីទ្រព្យសម្បត្តិដែលពួកគេ នឹងទទួលបានមិនដល់១% នៃទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំនោះទេ”។ ចំណែកកាលពីពេលថ្មីៗនេះ លោកបានសន្យាច្បាស់ៗថា ខ្លួននឹងបរិច្ចាគនូវទ្រព្យសម្បត្តិទាំងអស់ ពោលប្រមាណជា ២០០ពាន់លានដុល្លារ វេរចូលទៅក្នុងគណនីកញ្ចប់មូលនិធិសប្បុរសធម៌ ដែលតែងតែសកម្មជួយជនក្រីក្រលំបាក ក្នុងរយៈពេលយ៉ាងយូរបំផុតនៅជាង ២០ឆ្នាំខាងមុខទៀត។

ជាមួយគ្នានោះដែរ បិតាវិនិយោគលោក Warren Buffet ម្ចាស់ក្រុមហ៊ុន Berkshire Hathaway បានលើកឡើងដែរថា កូនៗរបស់ខ្ញុំ កំពុងកសាង កែច្នៃផ្លូវជីវិតរបស់ពួកគេ។ ចំណែក កូនៗរបស់គាត់មានឈ្មោះថា Howard, Susan និង Peter ក៏មិនដែលធ្លាប់ចង់បាន ឬរំពឹងពីទ្រព្យឳពុកខ្លួនដែរ ដោយនិយាយច្បាស់ៗថា បើសិនលោកប៉ា គាត់សួរថា យក ៥០លានដុល្លារទុកចាយលេងមួយឆ្នាំ ឬយក ៥០លានដុល្លារបរិច្ចាគទៅសប្បុរសធម៌? ច្បាស់ៗនឹងឆ្លើយថា នឹងយក ៥០លានដុល្លារដែលប៉ាឲ្យនោះ ទៅបរិច្ចាគដល់សប្បុរសធម៌តែម្តង។

បើតាមរបាយការណ៍ពីទស្សនាវដ្តី Forbes បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg គឺមានចំនួន ២១៦.៧ពាន់លានដុល្លារ ចំណែកលោក Bill Gates  មានទ្រព្យសម្បត្តិចំនួន ១១៥ពាន់លានដុល្លារ ហើយចំពោះលោក Warren Buffet វិញក៏បច្ចុប្បន្នមានទ្រព្យសម្បត្តិចំនួន ១៥៦.៩ពាន់លានដុល្លារផងដែរ៕

Related Articles