Cam Bank News

ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេជាច្រើននៅកម្ពុជា ក៏បានចូលរួមតាំងបង្ហាញសមិទ្ធផល និងរៀបចំព្រឹត្តិការណ៍អមនានា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ផងដែរ។

ហ្រ្វង់កូហ្វូនី (Francophonie) គឺជាសហគមន៍អន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលជាវេទិកាដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច អប់រំ វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ នេះ គឺជាមោទកភាព និងជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ពង្រឹងទំនាក់ទំនងការទូត ទាក់ទាញវិនិយោគ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ទៅកាន់ពិភពលោក។

ដើម្បីបង្ហាញពីភាពរឹងមាំ និងនវានុវត្តន៍នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ស្ថាប័នហិរញ្ញវត្ថុល្បីៗជាច្រើនបានចូលរួមតាំងបង្ហាញសេវាកម្ម និងរៀបចំព្រឹត្តិការណ៍អមជាច្រើន ដូចជា ធនាគារ FTB ធនាគារ វីង (Wing Bank) ធនាគារ អេស៊ីលីដា (ACLEDA) ធនាគារ ខេប៊ី ប្រាសាក់ (KB PRASAC) ធនាគារ ជីប ម៉ុង (Chip Mong Bank) ធនាគារ ABA ធនាគារ SBI ធនាគារ ប៊្រីដ ធនាគារ PPCBank ធនាគារ កាណាឌីណា ធនាគារ វឌ្ឍនៈ ព្រមទាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៀត។

វត្តមានរបស់ស្ថាប័នទាំងនេះ មិនត្រឹមតែគាំទ្រដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកទំព័រថ្មីក្នុងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច និងវិនិយោគ រវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីនៅជុំវិញពិភពលោកផងដែរ៕

Related Articles