ធនាគារ កាណាឌីយ៉ា មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៣៥ ឆ្នាំ នៃដំណើរវិវត្តន៍ និងការផ្ដល់សេវាកម្មធនាគារដ៏ល្អឥតខ្ចោះជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនេះ បានឈរជើងជាមួយគ្រឹះដ៏រឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យធនាគារ និងសេដ្ឋកិច្ចជាតិ តាមរយៈការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ការនាំយកនវានុវត្តន៍បច្ចេកវិទ្យាទំនើបៗ និងការផ្តល់បទពិសោធន៍សេវាកម្មដ៏ល្អប្រសើរឥតឈប់ឈរ។ ពីមួយជំហានទៅមួយជំហាន ធនាគារបានបន្តអភិវឌ្ឍខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់កម្រិត ចាប់ពីអតិថិជនបុគ្គល រហូតដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនធំៗ។

ធនាគារ កាណាឌីយ៉ា ក.អ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា “ Canadia Gold & Trust Corporation Ltd.” ដែលជាបណ្ដាក់ទុនរួមគ្នារវាងជនជាតិកម្ពុជា-កាណាឌីយ៉ា និងធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគាររួមមានអតីតបុគ្គលិកជំនាញៗពីធនាគារជាតិនៃកម្ពុជា និងភាគទុនិកជាជនជាតិកម្ពុជា និងកាណាដា។
សកម្មភាពសំខាន់ៗរបស់ធនាគារគឺផ្អែកទៅលើប្រតិបត្តិការមាស ដូចជាការផលិតមាស និងផ្ដល់កម្ចីទៅដល់ពាណិជ្ជករទាំងឡាយ។ នៅថ្ងៃទី១៩ មេសា ១៩៩៣ ធនាគារត្រូវបានប្ដូរឈ្មោះទៅជា ធនាគារកាណាឌីយ៉ា (Canadia Bank Ltd.,) ដោយ ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ រហូតមកដល់ថ្ងៃទី១៦ ធ្នូ ២០០៣ ធនាគារក៏ត្រូវបានប្ដូរឈ្មោះជាថ្មីមកជា “ធនាគារកាណាឌីយ៉ា ក.អ” (Canadia Bank PLC.)៕


