សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ដោយទទួលបានកំណើនទាំងប្រាក់ចំណូល និងប្រាក់ចំណេញសុទ្ធ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ១.០៤៥,៣៣ ប៊ីលានរៀល ដែលកើនឡើងចំនួន ៩៨,២៥ ប៊ីលានរៀល ឬស្មើនឹង ១០,៣៧% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារបានកើនឡើងដល់ ២៧១,៤៩ ប៊ីលានរៀល ពោលគឺកើនឡើងចំនួន ៣៣,៣១ ប៊ីលានរៀល ឬស្មើនឹង ១៣,៩៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ក្រៅពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញ ស្ថានភាពហិរញ្ញវត្ថុជារួមរបស់សម្ព័ន្ធធនាគារក៏មានភាពរឹងមាំជាលំដាប់ផងដែរ។ គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា បានកើនឡើងដល់ ៤៩,៨៦ ទ្រីលានរៀល កើនឡើងចំនួន ១,៦៣ ទ្រីលានរៀល ឬ ៣,៣៩% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ មូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារមានចំនួនសរុប ៧,១៤ ទ្រីលានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ៤៩៣,០៩ ប៊ីលានរៀល ឬស្មើនឹង ៧,៤១% បើធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពធន់ ទំនុកចិត្តពីសំណាក់អតិថិជន និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងទីផ្សារហិរញ្ញវត្ថុ។


