ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន , អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ បានចូលរួមទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទស្សនកិច្ចនៅតាមបរិវេណការិយាល័យទំនើប និងផ្នែកប្រតិបត្តិការសំខាន់ៗរបស់ធនាគារ ជីប ម៉ុង។
ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនាពេលនេះ គឺជានិមិត្តរូបដ៏សំខាន់ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ ការគាំទ្រ និងទំនុកចិត្តដ៏មានតម្លៃពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះការរីកចម្រើនយ៉ាងរឹងមាំរបស់ធនាគារ ជីប ម៉ុង។ នេះជាការជំរុញឱ្យធនាគារបន្តពង្រឹងគុណភាពសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង បង្កើតនវានុវត្តន៍ឌីជីថលថ្មីៗ និងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលឱ្យមានការលូតលាស់ប្រកបដោយចីរភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា ធនាគារ ជីប ម៉ុង (Chip Mong Bank) គឺជាធនាគារពាណិជ្ជក្នុងស្រុកដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ និងបានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩។ ធនាគារនេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) ដែលជាក្រុមហ៊ុនខ្មែរ ១០០% មានប្រវត្តិអាជីវកម្មតាំងពីឆ្នាំ ១៩៨២។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុង ក៏កំពុងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ដោយធនាគារ បានប្តេជ្ញាចិត្តក្នុងការបង្កើតភាពរីករាយពេលប្រើប្រាស់សេវា ផ្តល់នូវការដំណើរការងាយស្រួលបំផុត ជូនអតិថិជន៕






