Cam Bank News

ធនាគារ ខេប៊ីប្រាសាក់ ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ ប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងបណ្តាញភស្តុភារ និងសេវាដឹកជញ្ជូនទូទាំងប្រទេស


 
ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឈានជើងចូលទៅក្នុងកិច្ចសហប្រតិបត្តិការថ្មីមួយទៀតជាមួយ ប្រៃសណីយ៍កម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកភស្តុភារ ដើម្បីពង្រីកសក្តានុពល និងគាំទ្រដល់ប្រតិបត្តិការចែកចាយរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

MOUនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ដោយលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និង លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូបផងដែរ។
 
កិច្ចសហការនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃ ព្រមទាំងការចែកចាយឯកសារ សម្ភារ និងសេវាកម្មផ្សេងៗរបស់ធនាគារ ខេប៊ីប្រាសាក់ ឱ្យកាន់តែខិតជិតទៅដល់អតិថិជននៅគ្រប់តំបន់ និងស្វែងរកឱកាសយ៉ាងស៊ីជម្រៅក្នុងការប្រើប្រាស់បណ្តាញភស្តុភារ និងសេវាកម្មដឹកជញ្ជូនដ៏ធំទូលាយរបស់ប្រៃសណីយ៍កម្ពុជា ដែលមានគ្របដណ្តប់នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាគ្រឹះស្ថានធនាគារពាណិជ្ជដ៏ឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ជាគម្រោងអភិវឌ្ឍន៍ក្រោមការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU)។ បច្ចុប្បន្ន ធនាគារនេះគឺជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៃប្រទេសកូរ៉េ ដែលកើតចេញពីការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី ដោយបានទទួលអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ ២០២៣ តទៅ។
 
ធនាគារ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន ៥.៦៦ ប៊ីលានដុល្លារអាមេរិក មានសមតុល្យប្រាក់បញ្ញើសន្សំ ៤.០២ ប៊ីលានដុល្លារអាមេរិក និងមានសម្ពៀតឥណទានសរុបចំនួន ៥.២៤ ប៊ីលានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ធនាគារមានបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយដោយមានការិយាល័យសាខាចំនួន ១៨៧ និងមានបុគ្គលិកបម្រើការងារច្រើនជាង ១០,២៤៥ នាក់៕

Related Articles