Cam Bank News

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ” ។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់       វិស័យធនាគារនៅកម្ពុជា។

លោក​ រ័ត្ន​ សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) មានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល មានសម្ពាធលើគុណភាពទ្រព្យសកម្ម និងហានិភ័យចំពោះសុវត្ថិភាពសាយប័រកាន់តែស្មុគស្មាញក៏ដោយ ក៏វិស័យធនាគារកម្ពុជានៅតែមានភាពធន់ និង   រឹងមាំ។ លោកបានកត់សម្គាល់ទៀតថា វដ្តនៃកំណើនថ្មីបន្ទាប់គឺពឹងផ្អែកលើបុរេសកម្មនៃការគ្រប់គ្រង
ហានិភ័យ ការធ្វើសំវិធានធនប្រកបដោយការប្រុងប្រយ័ត្ន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងនិយ័តករ និងដៃគូក្នុងវិស័យនេះ”។

តាមរយៈការធ្វើបទបង្ហាញចំនួន២ កិច្ចពិភាក្សាចំនួន៧ និងការធ្វើបទបង្ហាញពីដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អ្នកចូលរួមបានពិភាក្សាអំពីការផ្លាស់ប្តូររបស់វិស័យនេះពីភាពធន់ទៅរកកំណើនប្រកបដោយការទទួលខុសត្រូវ។ ថ្ងៃទីមួយនៃសន្និសីទ បានផ្តោតលើការកែសម្រួលគុណភាពទ្រព្យសកម្ម ការដោះស្រាយទ្រព្យសកម្មដែលមានបញ្ហា (Distressed assets) សុចរិតភាពផ្នែក  ហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ និងប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព។ ថ្ងៃទីពីរ បានផ្តោតលើហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMES) ពាណិជ្ជកម្ម វិស័យកសិកម្ម, ប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាព, ជំនាញ ព្រមទាំងភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវអាទិភាពរបស់វិស័យនេះសម្រាប់ឆ្នាំ ២០២៧។

លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវបាន មានប្រសាសន៍ថា៖ «នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពស្មុគស្មាញនៃ ប្រព័ន្ធឌីជីថល វិស័យធនាគារកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ពីរទន្ទឹមគ្នាគឺ ការជំរុញកំណើន  សេដ្ឋកិច្ច និងការរក្សាស្ថិរភាពព្រមទាំងទំនុកចិត្ត។ ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងឈានចូលវដ្តនៃកំណើន សេដ្ឋកិច្ចថ្មី ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ភាពធន់នៃប្រព័ន្ធឌីជីថល និងទំនុកចិត្តរបស់
អតិថិជន គឺជារឿងចាំបាច់ដើម្បីធានាថា ប្រជាពលរដ្ឋ និងអាជីវកម្មនានាអាចចូលរួមក្នុងសេដ្ឋកិច្ច        ឌីជីថលដោយ សុវត្ថិភាព។ ក្រុមហ៊ុន ម៉ាស្ទ័រកាត នៅតែបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនៃការឆបោក និងការវាយប្រហារសាយប័រ ព្រមទាំងចូលរួមជ្រោមជ្រែងវិស័យធនាគារឱ្យកាន់តែមានភាពធន់ ប្រកបដោយនវានុវត្តន៍ និងមានជំហររឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង»។

Related Articles