Cam Bank News

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» នៅ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងតួនាទីរបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយឱ្យសិស្ស-និស្សិតត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់អាជីពនាពេលអនាគត។

លោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងការកសាងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ក៏ដូចជាការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។ លោកជំទាវក៏បានសង្កត់ធ្ងន់ដែរថា ការត្រៀមខ្លួនសម្រាប់អាជីពគួរចាប់ផ្តើមតាំងពីនៅជាសិស្ស-និស្សិត តាមរយៈការអភិវឌ្ឍចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យយុវជនមានសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនាពេលអនាគត។

គួរបញ្ជាក់ដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត មាន សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យ ជាច្រើននាក់។

Related Articles