Cam Bank News

សម្តេច ហ៊ុន ម៉ាណែត អរគុណគ្រឹះស្ថានហិរញ្ញវត្ថុ​ ដែលបានពន្យារការសងប្រាក់របស់ជនភៀសសឹកនិងយោធិន អំឡុងពេលផ្ទុះសង្គ្រាម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ផ្តល់ការពន្យារពេលសងប្រាក់ របស់ពលរដ្ឋភៀសសឹក និងយោធិន នាអំឡុងផ្ទុះអាវុធ នៅតាមព្រំដែន កាលពីឆ្នាំ២០២៥។

ថ្លែងក្នុងពិធីអបអរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ព្រឹកថ្ងៃទី៧ ខែតុលានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦១ បានជួយពន្យារការទូទាត់សងប្រាក់ប្រចាំខែ ទាំងដើម ទាំងការ សរុប ២០០លានដុល្លារ និងលើកលែងការពិន័យ គិតជាប្រាក់ ២លានដុល្លារទៀត។


ក្រៅពីពលរដ្ឋភៀសសឹក យោធិនជួរមុខ  យោធិនពិការ និងពលី ក៏ទទួលបានការអនុគ្រោះដូចគ្នានេះដែរ។ បើតាមប្រមុខរាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ៧៧ បានពន្យារទូទាត់សងប្រាក់ ទាំងដើម ទាំងការ សម្រាប់យោធិនប្រតិបត្តិការផ្ទាល់ ដែលឈរជួរមុខ សរុបជិតប្រមាណ ៤៨ លានដុល្លារ និងលើកលែងការពិន័យ ប្រមាណ ៥៨ម៉ឺនដុល្លារទៀត។

សម្តេច ហ៊ុន ម៉ាណែត បន្ថែមទៀតថា «ចំពោះយោធិនពិការ គ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន១៤ បានពន្យារទូទាត់សងប្រាក់ ទាំងដើម ទាំងការ សរុបជិតប្រមាណ ៣២ម៉ឺនដុល្លារ។ ចំពោះយោធិនពលី មានគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន២៣ បានលុបបំណុលទាំងស្រុង។

Related Articles