ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុនៃព្រះរាជាណាចក្រប៊ូតង់ បានឈានដល់របត់ថ្មីមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទំនើប។

ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីនៅព្រះរាជាណាចក្រប៊ូតង់ ជាមួយ លោកជំទាវ Yangchen Tshogyel ទេសាភិបាល អាជ្ញាធររូបិយវត្ថុនៃព្រះរាជាណាចក្រប៊ូតង់។

អនុស្សរណៈយោគយល់ (MoU) ដែលបានចុះហត្ថលេខាដោយទេសាភិបាលស្ត្រីទាំងពីររូប បានផ្តោតសំខាន់លើចំណុចយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖ការអភិវឌ្ឍប្រព័ន្ធទូទាត់ ការការពារហានិភ័យសាយប័រ ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការលើកកម្ពស់ហិរញ្ញវត្ថុបៃតងជាដើម។
ជំនួបកំពូល និងការចុះកិច្ចព្រមព្រៀងនេះ មិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាពរវាងស្ថាប័នរូបិយវត្ថុជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏មានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងនិរន្តរភាពបរិស្ថាននៅក្នុងតំបន់ផងដែរ៕






