Cam Bank News

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកាឧបត្ថម្ភភ្លាមៗដល់ពលរដ្ឋជាង ១,៦០០ គ្រួសារ រងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែន

នៅក្នុងឱកាសនៃពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវទឹកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះសម្បែង នៅក្នុងសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃ។

នៅក្នុងប្រសាសន៍សំណេះសំណាល សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ៗពីការយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ដោយរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃជួសជុលផ្ទះសម្បែងទៅតាមកម្រិតនៃការខូចខាតជាក់ស្តែង ដូចខាងក្រោម៖

សម្រាប់ផ្ទះដែលខូចខាតខ្ទេចខ្ទី៖ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ លានរៀល ក្នុងមួយខ្នងផ្ទះ។

ចំណែកផ្ទះដែលខូចខាតកម្រិតមធ្យម៖ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២ លានរៀល ក្នុងមួយខ្នងផ្ទះ។

ដោយឡែកផ្ទះដែលខូចខាតកម្រិតតិចតួច៖ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២ លានរៀល ក្នុងមួយខ្នងផ្ទះ។

តាមរយៈរបាយការណ៍ដែលសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើង មានប្រជាពលរដ្ឋសរុបចំនួន ១,៦០៦ គ្រួសារ នឹងទទួលបានថវិកាឧបត្ថម្ភផ្ទាល់ដៃនេះ យកទៅសាងសង់ និងជួសជុលជម្រកសារជាថ្មីឡើងវិញ។ ក្រៅពីការជួយជ្រោមជ្រែងផ្នែកថវិកាលើការខូចខាតផ្ទះសម្បែង សម្តេចធិបតី ក៏បានបន្ថែមទៀតថា គ្រួសាររងគ្រោះទាំងអស់ក៏នឹងទទួលបាននូវការគាំពារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីធានាថាពួកគាត់អាចស្តារជីវភាព និងវិលត្រឡប់ទៅរកការរស់នៅជាប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ។

Related Articles