ទីផ្សារភាគហ៊ុននៅកម្ពុជាបាននិងកំពុងបង្កើតរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយបោះជំហានទៅមុខយ៉ាងគំហុក និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់វិនិយោគិន។ យោងតាមរបាយការណ៍ដែលបានបង្ហាញកាលពីពេលថ្មីៗនេះពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានឱ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពទិញ-លក់ភាគហ៊ុនបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតបង្កើតបានជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពីបង្កើតផ្សារភាគហ៊ុនមក។

នៅក្នុងយុទ្ធនាការជួញដូរដ៏មមាញឹកប្រចាំខែកញ្ញានេះ ទំហំទឹកប្រាក់ជួញដូរជាមធ្យមប្រចាំថ្ងៃ (Average Daily Trading Value) បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥.៨ ពាន់លានរៀល (ឬប្រមាណ ១.៤៥ លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងការហក់ឡើងនៃទំហំទឹកប្រាក់នេះ ចំនួនភាគហ៊ុនដែលត្រូវបានជួញដូរជាមធ្យមប្រចាំថ្ងៃ ក៏បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យ ដោយកើនឡើងរហូតដល់ទៅ ៩៣២,១៣៩ ភាគហ៊ុន ក្នុងមួយថ្ងៃផងដែរ។
កំណើនដ៏គួរឱ្យកត់សម្គាល់ព្រមគ្នាក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីលំហូរទុន និងការចូលរួមយ៉ាងសកម្មពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដែលកាន់តែមានការយល់ដឹងស៊ីជម្រៅ ព្រមទាំងមានជំនឿចិត្តយ៉ាងមុតមាំលើស្ថិរភាពសេដ្ឋកិច្ច និងសក្តានុពលនៃការរីកចម្រើនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅកម្ពុជា។
កំណត់ត្រាប្រវត្តិសាស្ត្រនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញក្រុមហ៊ុនធំៗផ្សេងទៀតឱ្យចូលមកចុះបញ្ជី និងទាក់ទាញរំហូរទុនវិនិយោគពីបរទេសបន្ថែមទៀត ដែលធ្វើឱ្យទីផ្សារទុនកម្ពុជាកាន់តែមានភាពរឹងមាំ និងមានសាច់ប្រាក់ងាយស្រួល (Liquidity) ខ្ពស់នៅលើឆាកអន្តរជាតិនាពេលខាងមុខ៕



