Cam Bank News

មកស្គាល់ធនាគារល្បីៗចំនួន៣ ដែលទទួលបានការកំណត់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០២៦

វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាកំពុងតែបង្ហាញពីការរីកចម្រើនយ៉ាងគំហក និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញលើឆាកអន្តរជាតិ។ យោងតាមរបាយការណ៍ និងការវាយតម្លៃចុងក្រោយបង្អស់ពីស្ថាប័នហិរញ្ញវត្ថុឈានមុខគេលើពិភពលោកក្នុងឆ្នាំ២០២៦នេះ មានធនាគារចំនួន៣ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត និងបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេសម្រាប់ការបម្រើសេវាកម្មយ៉ាងមានទំនុកចិត្ត។

១. ធនាគារ អេ ប៊ី អេ (ABA Bank)

ABA ក្លាយជាធនាគារដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់កម្ពុជា នៅក្នុងលំដាប់ធនាគារដែលមានសមត្ថភាពកំពូលៗនៅជុំវិញពិភពលោក ប្រចាំឆ្នាំ ២០២៦ ដែលជាការចាត់ថ្នាក់លើកដំបូងរបស់ទស្សនាវដ្ដី Forbes។ ចំណាត់ថ្នាក់ដ៏កំពូលនេះ ឆ្លុះបញ្ចាំងពីអានុភាពខ្លាំងក្លា និងភាពធន់រឹងមាំដែលយើងបានខិតខំកសាងឡើងរួមគ្នា ព្រមទាំងទំនុកចិត្តឥតងាករេរបស់អតិថិជនដែលបន្ដកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ។ ដោយស្ថិតនៅលេខរៀងទី៣១ជាសកល ក្នុងចំណោមធនាគារកំពូលៗរបស់ពិភពលោក សមិទ្ធផលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់ ABA និងសមត្ថភាពប្រកួតប្រជែងនៃវិស័យធនាគាររបស់កម្ពុជានៅលើឆាកអន្ដរជាតិ។

២. ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញមោទនភាពយ៉ាងខ្លាំង​ ដោយបានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលត្រូវបានទទួលស្គាល់ និងជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី «Top 1000 World Banks 2026» ដែលរៀបចំឡើងដោយទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីល្បាញ THE BANKER។ ក្នុងឆ្នាំ២០២៦ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់លេខរៀងទី៧៨៥ ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពីចំណាត់ថ្នាក់ទី៧៩២ កាលពីឆ្នាំ២០២៥។ ធនាគារមួយនេះក៏បានជាប់ក្នុងបញ្ជី “World’s Top Performing Banks 2026” របស់ Forbe និងថ្មីៗនេះក៏ បានរក្សាចំណាត់ថ្នាក់ឥណទានរបស់ធនាគារ អេស៊ីលីដា នៅកម្រិត “B+/Stable/B” Standard & Poor’s (S&P) Global Ratings ដែលសបញ្ជាក់ពីភាពរឹងមាំ ស្ថិរភាពដើមទុន និងសមត្ថភាពឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ចផងដែរ។

៣. ធនាគារ វីង

ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ រហូតក្លាយជាធនាគារឌីជីថលល្អបំផុត ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកលូតលាស់យ៉ាងឆាប់រហ័សមួយ ទទួលបានពានរង្វាន់ជា “ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2026” ពីកម្មវិធីប្រគល់ពានរង្វាន់ដែលរៀបចំឡើងដោយស្ថាប័នអន្តរជាតិ Euromoney នៅក្នុងប្រទេសសិង្ហបុរី ខណៈដែលការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏ស្វាហាប់របស់ វីង ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា រហូតក្លាយជាធនាគារពាណិជ្ជ។ ជ័យលាភីនេះ ក៏បានធ្វើឱ្យធនាគារ វីង ឈរនៅលំដាប់ជួរមុខគេ នៅក្នុងវិស័យធនាគារកម្ពុជាដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ស្របពេលដែលធនាគារជាង 50 ស្ថាប័នផ្សេងទៀត កំពុងតែពន្លឿនសមត្ថភាពឌីជីថលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន។ 

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញនៅចុងឆ្នាំ២០២០មក ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នកំពុងបម្រើអតិថិជនជាង ១៥ លានគណនី តាមរយៈអេប Wing Bank និងបណ្តាញភ្នាក់ងារ វីង ជាង ១២០០០ កន្លែងទូទាំងប្រទេស សាខាជិត ៣០ទីតាំង ​ព្រមទាំងមានជាង ២០០០០ដៃគូអាជីវកម្ម៕ 

Related Articles