នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួន ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នាយុគសម័យបច្ចុប្បន្ន។

ធនាគារ PPCBank ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលពិសេសមួយភ្លាមៗ ស្តីពី “AI Evolution in Business”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកគ្រប់ជាន់ថ្នាក់ លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងជំរុញកំណើនអាជីវកម្មក្នុងយុគសម័យឌីជីថលឱ្យកាន់តែរលូន និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្ររបស់ធនាគារនេះ នឹងត្រូវបែងចែកចេញជា ៦ក្រុម ដោយមានបុគ្គលិកចូលរួមយ៉ាងច្រើនកុះករលើសពី ១០០នាក់នៅក្នុងមួយក្រុមៗ (សរុបជាង ៦០០នាក់)។ អ្វីដែលកាន់តែពិសេសនោះ គឺសិក្ខាកាមទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ជាក់ស្តែងផ្ទាល់ពីសំណាក់អ្នកជំនាញបច្ចេកវិទ្យា AI ល្បីៗ ដែលនេះជាឱកាសមាសក្នុងការក្រេបជញ្ជក់ចំណេះដឹងថ្មីៗ យកមកអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ PPCBank ឱ្យកាន់តែទំនើប និងឆ្លាតវៃឈានមុខគេនៅក្នុងទីផ្សារ។

បង្កើតឡើងក្នុងឆ្នាំ ២០០៨ PPCBank បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយ ដែលទទួលបានទំនុកចិត្តខ្ពស់ពីប្រជាជនកម្ពុជាសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ កន្លងមក PPCBank បាន សហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការលើកកម្ពស់វប្បធម៌នៃការសន្សំប្រាក់ និងកាត់បន្ថយអត្រានៃអ្នកមិនមានគណនីធនាគារនៅក្នុងប្រទេសកម្ពុជា។





