តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាននាំយកបទពិសោធន៍ និងឧត្តមានុវត្តន៍ស្តីពីការអភិវឌ្ឍបៃតងរបស់កម្ពុជា ទៅចែករំលែកនៅលើឆាកអន្តរជាតិ ក្នុងសន្និសីទអន្តរជាតិភាពជាអ្នកដឹកនាំ លើកទី១៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិនៃប្រទេសម៉ុងហ្គោលី។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB លោក ថៃ ហ្សឺឌី ប្រធាននាយកដ្ឋានហិរញ្ញប្បទានបៃតង បានអញ្ជើញចូលរួមជាតំណាងដ៏សំខាន់របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះផងដែរ។
សន្និសីទថ្នាក់ឣន្តរជាតិនេះ បានផ្ដោតជាចម្បងលើការកំណត់មុខសញ្ញាបញ្ហាប្រឈមនានានិងស្វែងរកធាតុចូលបន្ថែមដើម្បីលើកកម្ពស់ការឣនុវត្តនូវចក្ខុវិស័យរយៈពេល ១៥ឆ្នាំឆ្ពោះទៅមុខពាក់ព័ន្ធនឹងគោលនយោបាយរដ្ឋបាលសាធារណៈសម្រាប់ឣនាគត។
នៅក្នុងដំណើរការនោះ លោក ថៃ ហ្សឺឌី បានចូលរួមចំណែកតាមរយៈការផ្ដល់បទបង្ហាញលើប្រធានបទស្ដីពី “តួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុឣភិវឌ្ឍន៍ជាតិ ក្នុងការរៀបចំ និងឣនុវត្តគោលនយោបាយហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់របៀបវារៈនៃកិច្ចឣភិវឌ្ឍន៍ដោយចីរភាព ដោយលើកយកឧត្តមានុវត្តន៍របស់ប្រទេសកម្ពុជាជាករណីសិក្សាបង្ហាញ” ព្រមទាំងបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាទូទៅ និងគន្លឹះដំណោះស្រាយផ្សេងៗសម្រាប់គាំទ្រដល់ការឣនុវត្ត។






