Cam Bank News

ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានជ្រើសរើសក្នុងគម្រោងធំរបស់ ADB ដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុសម្រាប់ MSMEs

ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការក្នុងកិច្ចសហការជាមួយក្រុមហ៊ុន Blue Marble Microinsurance Inc. ក្រោមគំនិតផ្តួចផ្តើម និងជំនួយឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងកសាងភាពធនពីហានិភ័យនៃគ្រោះមហន្តរាយ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានប្រកាសឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ក្រោមប្រធានបទ «ការកសាងភាពធនលើបម្រែបម្រួលអាកាសធាតុ សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)» ដែលរៀបចំឡើងដោយ ADB នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

គួររំលេចផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីគត់នៅក្នុងតំបន់ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចការងារជាយុទ្ធសាស្ត្រនេះរបស់ ADB រួមជាមួយប្រទេសពីរផ្សេងទៀតគឺ ស្រីលង្កា និងនេប៉ាល។

នៅក្នុងឱកាសនោះ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការរួមចំណែកលើកិច្ចការងារនេះជាមួយភាគីពាក់ព័ន្ធ។ លោកបានមានប្រសាសន៍ថា «សម្រាប់ធនាគារប្រៃសណីយ៍កម្ពុជា កិច្ចការងារគាំទ្រដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ជាគោលដៅអាទិភាពរយៈពេលវែងរបស់ធនាគារ ហើយនៅពេលដែលអាជីវកម្មរបស់អតិថិជនយើងរីកចម្រើន នោះធនាគារក៏រីកចម្រើន។»

គំនិតផ្តួចផ្តើមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចត្រៀមខ្លួន និងការពារទប់ទល់បានកាន់តែប្រសើរពីផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិ តាមរយៈឧបករណ៍ធានារ៉ាប់រងខ្នាតតូច (Microinsurance) និងយន្តការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕

Related Articles