Cam Bank News

ពង្រឹងកិច្ចសហប្រតិបត្តិការ! ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅធនាគារ អេស៊ីលីដា

ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យហិរញ្ញវត្ថុរវាងកម្ពុជា និងកាណាដា កាន់តែមានភាពជិតស្និទ្ធ បន្ទាប់ពីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់មួយបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារលំដាប់ជួរមុខរបស់កម្ពុជា។

ដោយកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងស៊ីជម្រៅលើឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុទំនើប។ ជាមួយគ្នានេះ លោកបណ្ឌិត អុិន ចាន់នី ក៏បានធ្វើការណែនាំអំពីវឌ្ឍនភាព ការរីកចម្រើនឥតឈប់ឈរ និងតួនាទីដ៏សំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាម​ប្រព័ន្ធ​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​ប្រតិបត្តិការ​យ៉ាង​ធំ​ទូលាយ​គ្រប​ដណ្ដប់​ទូទាំង​កម្ពុជា (មាន ២៦៣សាខា) និង​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​ឡាវ (មាន ៣៧សាខា) និង​មីយ៉ាន់ម៉ា (មាន ១៧សាខា) ។ បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា មាន​បម្រើ​សេវា​ដូចជា សេវាប័ណ្ណ សេវា​ឌីជីថល សេវា​ឥណទាន សេវា​បញ្ញើ-សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ចាត់ចែង​សាច់​ប្រាក់ រួម​ទាំង​សេវា​ធនាគារ​ជា​ច្រើន​ប្រភេទ​ទៀត ។

Related Articles