នៅក្នុងយុគសម័យឌីជីថល ករណីដែលមានការផ្ទេរប្រាក់ចូលគណនីធនាគារដោយគ្មានប្រភពច្បាស់លាស់ ឬការផ្ទេរច្រឡំ បានក្លាយជាបញ្ហាមួយដែលបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងចៀសវាងការជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ តើអ្នកគួរធ្វើដូចម្តេចខ្លះនៅពេលជួបករណីបែបនេះ?

ធនាគារ ABA បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីនេះ អ្វីដែលត្រូវធ្វើដាច់ខាត គឺ «កុំប៉ះពាល់លុយនោះ»។ វិធានការដំបូង និងសំខាន់បំផុតដែលអ្នកត្រូវចងចាំ គឺមិនត្រូវប៉ះពាល់លុយដែលបានចូលមកក្នុងគណនីនោះឡើយ ដោយកុំចាយវាយ កុំផ្ទេរចេញ កុំទាន់ផ្ទេរត្រឡប់ទៅវិញ៖ ទោះបីជាមានអ្នកទាក់ទងមកថាផ្ទេរច្រឡំ ហើយសុំឲ្យផ្ទេរត្រឡប់ទៅវិញក៏ដោយ ក៏មិនត្រូវប្រញាប់ប្រញាល់ផ្ទេរទៅវិញដោយខ្លួនឯងដែរ។
ទឹកប្រាក់ដែលស្រាប់តែផ្ទេរចូលមកក្នុងគណនីរបស់អ្នកដោយគ្មានមូលហេតុច្បាស់លាស់ អាចជាលុយដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ អំពើឆបោក ឬអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងៗ (ដូចជាការលាងលុយកខ្វក់ជាដើម)។ រាល់ការប្រើប្រាស់ ឬចល័តសាច់ប្រាក់នោះ អាចធ្វើឲ្យអ្នករងការចោទប្រកាន់ និងទទួលរងវិធានការផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ទោះបីជាអ្នកមិនបានដឹងក្ដី។

ប្រសិនបើគណនីរបស់អ្នកគឺជារបស់ធនាគារ ABA ហើយអ្នកបានពិនិត្យឃើញមានប្រតិបត្តិការមិនប្រក្រតីនេះ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. រាយការណ៍ជាបន្ទាន់៖ សូមទំនាក់ទំនងមកកាន់ធនាគារ ABA ភ្លាមៗតាមរយៈលេខទូរស័ព្ទ 1 800 203 203 (ការហៅចូលគឺឥតគិតថ្លៃសម្រាប់ក្នុងប្រទេសកម្ពុជា)។
២. ទុកភារកិច្ចជូនធនាគារ៖ ខាងធនាគារនឹងធ្វើការស៊ើបអង្កេតទៅលើប្រតិបត្តិការនោះ និងជួយដោះស្រាយជូនអ្នកដោយសុវត្ថិភាពបំផុត។


