ថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងអាទិភាពរបស់វិស័យហិរញ្ញវត្ថុ ក្នុងការពង្រឹងគុណភាពឥណទាន កាត់បន្ថយកម្រិតឥណទានមិនដំណើរការ (NPL) ព្រមទាំងស្តារទំនុកចិត្តរបស់អតិថិជន និងវិនិយោគិនឡើងវិញ។ ជាពិសេស ការជំរុញការអនុវត្តក្រមប្រតិបត្តិរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងយន្តការសំខាន់ៗនានា ដើម្បីពង្រឹងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ និងកិច្ចការពារអតិថិជន។

គួរបញ្ជាក់ដែរថា សមាគមទាំងបីគ្រោងនឹងរៀបចំកម្មវិធី SME & Financial Night នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ម្ចាស់សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធ បានជួបជុំ និងផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការទទួលបានហិរញ្ញប្បទាន។
តាមរយៈកិច្ចប្រជុំនេះ សមាគមទាំងបីបានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យហិរញ្ញវត្ថុ និងសហគមន៍សហគ្រិន ដើម្បីជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន និងរួមចំណែកដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕




