Cam Bank News

បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ

បុរសជនជាតិចិនម្នាក់បានសម្រេចចិត្តចូលនិវត្តន៍ នៅក្នុងវ័យត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចំណាយប្រាក់ជាង ២លានយ៉ន់ (ប្រហែល ៣០០ ០០០ដុល្លារអាមេរិក) ទៅលើការទិញផ្ទះល្វែងចាស់ៗចំនួន ១៤ យូនីត ដើម្បីបង្កើតប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីការដាក់ជួលអចលនទ្រព្យទាំងនេះ។

ជុំវិញការសម្រេចចិត្តរបស់ម្ចាស់អចលនទ្រព្យវ័យក្មេងរូបនេះ ក្នុងការប្តូរពីការរកប្រាក់ចំណូលតាមរយៈការងារជាប្រចាំ មកពឹងផ្អែកលើប្រាក់ចំណូលពីការជួលអចលនទ្រព្យ បានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងប្រទេសចិន។

បុរសរូបនេះមានឈ្មោះថា Fan Junjie មានដើមកំណើតមកពីខេត្ត Jilin ភាគឦសាននៃប្រទេសចិន។ ដំបូងឡើយ លោកបានផ្លាស់ទៅរស់នៅទីក្រុង Changsha ដើម្បីធ្វើការ ប៉ុន្តែការងារផ្នែកលក់ក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអ៊ីនធឺណិតបានធ្វើឱ្យលោកត្រូវធ្វើការយ៉ាងលំបាករហូតដល់ ១៨ម៉ោងក្នុងមួយថ្ងៃ និងរកបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះ។

យ៉ាងណាមិញ ដោយធ្លាប់ស្គាល់ពីតម្លៃអចលនទ្រព្យដ៏ថ្លៃនៅតាមទីក្រុងធំៗ និងទីក្រុងលំដាប់ទីមួយរបស់ប្រទេសចិន លោក Fan បានមើលឃើញថា ផ្ទះល្វែងចាស់ៗនៅតំបន់កណ្តាលទីក្រុង Changsha មានតម្លៃទាប និងជាឱកាសវិនិយោគដ៏ល្អ។ ផ្ទះល្វែងខ្លះមានតម្លៃត្រឹមតែ ៣០០ ០០០យ៉ន់ (ឬប្រហែល ៤៥ ០០០ដុល្លារអាមេរិក) ប៉ុណ្ណោះ ដោយរួមបញ្ចូលទាំងការចំណាយលើការជួសជុលផងដែរ។

ចាប់តាំងពីឆ្នាំ ២០២៣ មក លោក Fan បានចាប់ផ្តើមទិញអចលនទ្រព្យយ៉ាងសកម្ម ដោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយ លោកបានទិញផ្ទះល្វែងចាស់ៗ ចំនួន ១៤ យូនីត ដែលជាផ្ទះល្វែងមានទំហំតូចចង្អៀត សាងសង់ឡើងជាច្រើនទសវត្សមកហើយ និងមានសម្ភារៈបរិក្ខារចាស់ៗ ដោយចំណាយប្រាក់សរុបជាង ២លានយ៉ន់។ បច្ចុប្បន្ន ផ្ទះល្វែងចំនួន ១១ យូនីតរបស់លោក Fan ត្រូវបានដាក់ជួល ហើយអាចបង្កើតប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ២១០ ០០០យ៉ន់ (ឬប្រហែល ៣១ ៥០០ដុល្លារអាមេរិក)។

គួរឲ្យដឹងថាផ្ទះល្វែងដែលមានតម្លៃថោកបំផុតដែលលោក Fan បានទិញ មានតម្លៃ ១៥០ ០០០យ៉ន់ ហើយអាចបង្កើតប្រាក់ចំណូលពីការជួលបានប្រមាណ ១ ៧០០យ៉ន់ក្នុងមួយខែ។ ចំណែកឯផ្ទះល្វែងដែលមានតម្លៃថ្លៃបំផុតវិញ មានការចំណាយសុរប ៣១០ ០០០យ៉ន់ ដោយរួមបញ្ចូលទាំងពន្ធ ថ្លៃកម្រៃជើងសារភ្នាក់ងារអចលនទ្រព្យ និងថ្លៃជួសជុល ហើយអាចទាញចំណូលពីការជួលវិញបានក្នុងតម្លៃ ២ ២០០យ៉ន់ក្នុងមួយខែ។

ជម្រាបជូនថា នៅពេលឈានដល់វ័យ ៣០ឆ្នាំ លោក Fan បានសម្រេចគោលដៅរបស់ខ្លួនក្នុងការទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងអាចចូលនិវត្តន៍មុនអាយុ ដែលត្រូវបានគេស្គាល់ជាទូទៅថា FIRE (Financial Independence, Retire Early) ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Fan មើលឃើញថា ការប្រមូលប្រាក់ជួលពីផ្ទះល្វែង និងការទទួលប្រាក់ភាគលាភពីការវិនិយោគ មិនមានភាពខុសគ្នាខ្លាំងនោះទេ ព្រោះទាំងពីរនេះ គឺជាមធ្យោបាយបង្កើតលំហូរសាច់ប្រាក់ពីទ្រព្យសកម្មដែលអាចបង្កើតប្រាក់ចំណូលទៀងទាត់៕

Related Articles