ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានប្រកាសពីការសម្រេចនូវអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ដើម្បីអនុវត្តកិច្ចការនេះ ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជា សម្រាប់ធ្វើការតភ្ជាប់និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិការទូទាត់តាមឃ្យូអរកូតជាមួយភាគីកម្ពុជា។

ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឲ្យកាន់តែទូលំទូលាយ បង្កើតសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬប្រទេសជប៉ុន។ ទន្ទឹមនេះ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសខកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹងទទួលនបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែរនេះ នឹងចូលរួមជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការទូទាត់តាមឃ្យូអរកូតនេះ ត្រូវបានបែងចែកជាង ២ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្គេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្គេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន៕

