Cam Bank News

មេធំ Facebook ឡើងមកបំបាក់លោក Jeff Bezos ដណ្តើមតំណែងលេខពីរ នាមជាមហាសេដ្ឋីមានដាច់គេលើលោក

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានផ្តួលស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ពីតំណែងអ្នកមានដាច់គេបំផុតលំដាប់ទីពីរនៅលើពិភពលោក ដោយទ្រព្យសម្បត្តិរបស់លោក Zuckerberg បានកើនដល់ ២១២ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិលោក Bezos ស្ថិតនៅ ២០៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពី Bloomberg billionaires Index ។

លោក Zuckerberg ទទួលបានចំណូលប្រមាណ ៨៤៦លានដុល្លារបន្ថែម កាលពីថ្ងៃចន្ទ ទី៥ ឧសភា កន្លងទៅ ខណៈដែលលោក Bezos បែរជាធ្លាក់ចុះអស់ទ្រព្យសម្បត្តិដល់ទៅ ២.៩០ពាន់លានដុល្លារទៅវិញ។ ការប្រែប្រួលបែបនេះ កើតឡើងដោយសារតែ ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានហក់ឡើងលើស១៦% កាលពីខែមុន ហើយចំណែកឯភាគហ៊ុនរបស់ Amazon កើនឡើងបានត្រឹមតែ ៦.៣៣% នៅអំឡុងរយៈពេលដូចគ្នា។

សូមជម្រាបថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk នៅតែបន្តគ្រងម្កុដ ជាមហាសេដ្ឋីមានដាច់គេបំផុតនៅលើលោកដដែល ដោយទ្រព្យសម្បត្តិរបស់បុរសសម្បូរស្នេហ៍កូនច្រើនរូបនេះ មានចំនួនដល់ទៅ ៣៣១ពាន់លានដុល្លារ៕

Related Articles