Cam Bank News

មកដឹងពីប្រាក់ចំណេញរបស់ធនាគារ ABA ដែលកំពុងកើបលុយរកស៊ីនៅកម្ពុជា

តាមរយៈរបាយការណ៍ចេញផ្សាយដោយផ្ទាល់ពីធនាគារ ABA បានបង្ហាញឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ធនាគារ ABA ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានកើនឡើងនៅក្នុងឆ្នាំ២០២៤ ពោលសម្រេចបានដល់ទៅចំនួន ២៩៩.៦លានដុល្លារ។

ជាមួយគ្នា ប្រាក់បញ្ញើអតិថិជនក៏បានកើន២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារ ហើយចំណែកផលបត្រកម្ចីដុល ទទួលបានកំណើន១០% ពោលឈានទៅសម្រេចដល់ ៨.៦ពាន់លានដុល្លារ ដែលភាគច្រើនគឺទទួលបានពីការផ្តល់ប្រាក់កម្ចី ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។

អ្វីដែលកាន់តែពិសេសនោះ ទ្រព្យសកម្មរបស់ធនាគារ ABA បានសម្រេចឈានដល់ ១៣.៨ពាន់លានដុល្លារ ដែលស្មើនឹងកំណើន២០% ធៀននឹងឆ្នាំ២០២៣ ។ ក្នុងឆ្នាំ២០២៤ ដដែល ABA ត្រូវបានបន្ថែមដើមទុនចំនួន ២២០លានដុល្លារពីធនាគារកាណាដា ដែលជាភាគហ៊ុនិករបស់ ABA ហេតុនេះហើយទើបធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣ពាន់លានដុល្លារ ដែលកើនក្នុងអត្រា៣០% ធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងប្រាក់ចំណូល និងប្រាក់ចំណេញ ងាកមកការបង់ពន្ធ ABA បានគោរពតាមក្រឹត្យក្រមយ៉ាងល្អណាស់ ដោយឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០លានដុល្លារ ហើយនៅឆ្នាំ២០២៣ បានបង់ពន្ធចំនួន ៧០លានដុល្លារ ម្យ៉ាងវិញទៀត ចាប់តាំងពី២០០៩ មក ធនាគារមួយនេះ បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦លានដុល្លារផងដែរ។

​គួរបញ្ជាក់ថា ចំពោះបណ្តាញសាខារបស់ធនាគារ ABA នៅអំឡុងឆ្នាំ២០២៤ ក៏មានការកើនឡើងគួរឲ្យកត់សំគាល់ដូចគ្នា ដោយមានប្រតិបត្តិការសាខាសរុបចំនួន ៩៩ទីតាំងស្វ័យសេវាធនាគារ 24/7 និងមានម៉ាស៊ីនស្វ័យសេវាលើសពី ១ ៧០០កន្លែងទូទាំងប្រទេស។ ABA ជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ ​ក្នុង​ចំណោម​ធនាគារ​ធំៗ​ជាងគេ​នៅ​កា​ណា​ដា​ មានទ្រព្យ​សកម្ម​ជាង​ ៣៣៤ពាន់​លាន​ដុល្លារ​ ​ គិត​ត្រឹម​ថ្ងៃ​ទី​៣១ មករា ២០២៥​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក​៕

Related Articles