ក្រោយបើកការដ្ឋានសាងសង់បានខ្ទង់ ៣ឆ្នាំ ពោលកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នាពេលនេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងក្រុមហ៊ុនអ៊ឹមអេសអ៊ិន អេច អិនវេសម៉ិន ឯ.ក (MSNH Investment Co., Ltd) បានរៀបចំពិធីបញ្ចប់ការសាងសង់ គ្រោងអគារ FTB Tower ដែលជាទីស្នាក់ការកណ្ដាលថ្មីរបស់ខ្លួនរួចរាល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ទីស្នាក់ការកណ្ដាលថ្មី “FTB_Tower” ត្រូវបានវិនិយោគលើទឹកប្រាក់ប្រមាណ ១១២លានដុល្លារ ដោយមានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ មានកម្ពស់សរុបចំនួន ២៨ជាន់ និងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណតម៉ូតូ និងឡាន។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅ ចំកណ្ដាលទីក្រុងភ្នំពេញ។ អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទ អគារលំដាប់ខ្ពស់ ហើយការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារៈទំនើបៗ រួមទាំងបច្ចេកវិទ្យា ចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម : សុវត្ថិភាពអគ្គីភ័យ ការសន្សំសំចៃថាមពល និងការ ការពារបរិស្ថានស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងអន្តរជាតិ។
សូមជម្រាបថា គម្រោងសាងសង់អគារ FTB Tower តម្លៃ ១១២លានដុល្លារនេះ គ្រោងនឹងបញ្ចប់ក្នុងខែតុលាខាងមុខ ហើយចំណែកឯការរចនា ខាងក្នុង និងការងារដំឡើងប្រព័ន្ធផ្សេងៗនៃអគារ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ៕



