កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ ក្រុមហ៊ុនអាយជី អាណាចក្រថិក ក្រោមគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ធនាគារប្រៃសណីយ៍កម្ពុជា ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាទំនើបៗស្របតាមទិសដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាយជី អាណាចក្រថិក ជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ ដំឡើង និងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យា ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ។ ជាមួយនឹងក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង ដែលបានបង្កើតឡើងនៅឆ្នាំ២០១២ អាយជី អាណាចក្រថិក មានគ្រឹះជំនាញ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ ដំឡើង និងផ្តល់សេវា គាំទ្រលើដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងបានពង្រីក និងពង្រឹងសមត្ថភាពទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណកម្មឌីជីថល ប្លុកឆេន កុំព្យូទ័រក្លោដ (Cloud Computing) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខព័ត៌មាន (Security Operating Center)៕



