Cam Bank News

ធនាគារមួយរបស់ចិន ចាប់ដៃគូជាមួយសមាគមស្វាយចន្ទីកម្ពុជា ក្នុងវេទិកាលំដាប់សាកលនៅទីក្រុងសៀងហៃ ដើម្បីរុញច្រានការនាំចេញទៅទីផ្សារចិន

ធនាគារចិន(BOC) បានចាប់ដៃគូជាមួយ សមាគមស្វាយចន្ទីកម្ពុជា (សសក) ក្នុងគំនិតផ្តួចផ្តើមជាសាកលមួយ ដើម្បីជួយសម្រួលដល់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។

នៅក្នុងវេទិកាខ្នាតតូច Hongqiao Forum លើកទី៩ ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដែលប្រមូលផ្តុំដោយតំណាងរដ្ឋាភិបាល និងសភាពាណិជ្ជកម្មអន្តរជាតិជាច្រើន រួមទាំងលោក ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមបណ្តុំវិនិយោគិនកម្ពុជាផងដែរ។

ចំណុចលេចធ្លោបំផុតនោះគឺ សមាគមស្វាយចន្ទីកម្ពុជា និងក្រុមប្រឹក្សាសណ្តែកសៀងសហរដ្ឋអាមេរិក (US Soybean Council) គឺជាអង្គភាពផ្នែកកសិកម្មតែពីរប៉ុណ្ណោះនៅលើពិភពលោក ដែលត្រូវបានអញ្ជើញឱ្យចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារចិន ក្នុងគំនិតផ្តួចផ្តើមសម្រួលការនាំចេញនេះ។

កិច្ចសហការនេះធ្វើឡើងស្របពេលនឹងពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) ដែលផ្តល់ឱកាសមាសដល់ សសក ក្នុងការស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ផ្សព្វផ្សាយផលិតផលស្វាយចន្ទីកម្ពុជាទៅកាន់អ្នកទិញចិន និងពង្រីកលទ្ធភាពទទួលបានទីផ្សារកាន់តែធំទូលាយសម្រាប់សមាជិករបស់ខ្លួន៕

Related Articles