Sunday, 15 November 2026
Economy

ឆ្នាំមុន កម្ពុជារកចំណូលបានជិតកន្លះពាន់លានដុល្លារ ពីការនាំចេញអង្ករជិត៦៦ម៉ឺនតោន

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន គិតជាទឹកប្រាក់បានចំនួន ៤៩១.១៩លានដុល្លារ។

ប្រភពដដែល បានបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមាន សមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨។

គោលដៅចំនួន ៦៨នោះ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន  ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួន ៩២.៧០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន  ៦៩.៥៤ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមរបាយការណ៍ខាងលើ បានបញ្ជាក់ដែរថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨%  និងអង្ករផ្សេងៗចំនួន ០.២៧% ។ ជាងនេះទៀត ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕