Sunday, 15 November 2026
Economy

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៦ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល៣,១១ ពាន់លានដុល្លារ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

របាយការណ៍ផ្លូវការរបស់និយ័តករមូលបត្រកម្ពុជា បានបង្ហាញថា គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៦ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១២,៥០ ទ្រីលានរៀល (៣,១១ ពាន់លានដុល្លារអាម៉េរិក)។

ចំពោះទំហំជួញដូរភាគហ៊ុន សរុបមានចំនួន ២៦២ លាន ភាគហ៊ុន ដែលមានតម្លៃ ជួញដូរសរុប ៤៨៤,៣៦ លានដុល្លារអាម៉េរិក និងទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ២១០.៨០៦ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ២៧ ម៉ឺនដុល្លារអាម៉េរិក និងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៧៦.៦៩៦។

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក៏បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រ ប្រមាណជាង ១៥៥ ក្រុមហ៊ុន ព្រមទាំងបានរៀបចំ វគ្គបណ្តុះបណ្តាលដល់សាធារណជន សិស្ស-និស្សិត សាស្ត្រាចារ្យ អ្នកសារព័ត៌មាន វិនិយោគិនសក្តានុពល ក្រុមហ៊ុន បោះផ្សាយសក្តានុពល និងរូបវន្តបុគ្គលដែលផ្តល់សេវាក្នុងវិស័យមូលបត្រ ចំនួន ២៨៩ លើក ដែលមានអ្នកចូលរួម សរុបចំនួន ៣៤.២៨៥ រូប ដោយគិតចាប់តាំងពីទីផ្សារបានបង្កើត។

សូមបញ្ជាក់ដែរថា ចាប់តាំងពីការបង្កើតឱ្យមានទីផ្សារមូលបត្រនៅកម្ពុជា រហូតមកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ មានក្រុមហ៊ុនចំនួន ២៧ បានបោះផ្សាយលក់មូលបត្រជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ក្នុងចំណោមក្រុមហ៊ុនទាំង ២៧ នេះ មានក្រុមហ៊ុន១២ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈ ក្នុងនោះ ក្រុមហ៊ុន ៩ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោល និងក្រុមហ៊ុន៣ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើន និងបានប្រមូលសាច់ប្រាក់ពីទីផ្សារ ចំនួន ១៣៤,៨១ លានដុល្លារ និងក្រុមហ៊ុនចំនួន ១៥ បានបោះផ្សាយលក់សញ្ញាបណ្ណ និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព និងបានប្រមូលសាច់ប្រាក់ពីទីផ្សារ ចំនួន ៥៦៥,៧៥ លានដុល្លារ។ ន.ម.ក. បានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុន ៥ ធ្វើការបោះផ្សាយលក់មូលបត្របំណុលជាឯកជន និងបានប្រមូលសាច់ប្រាក់៥៦២ លានដុល្លារ។ ដូច្នេះក្រុមហ៊ុនទាំង ៣២ នេះ បានប្រមូលសាច់ប្រាក់តាមរយៈទីផ្សារមូលបត្រ ចំនួន ១.២៦២,៥៦ លានដុល្លារអាម៉េរិក។