Sunday, 15 November 2026
Banking

ធនាគារ FTB បានត្រៀមលក្ខណៈ និងការប្តេជ្ញាចិត្តខ្ពស់របស់វិស័យធនាគារក្នុងស្រុក ក្នុងការគាំទ្រហិរញ្ញប្បទានបៃតង (Green Financing)

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ិនជិន ប្រទេសចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនកម្ពុជា រួមទាំងមានការចូលរួមពី ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ FTB អញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន។

ដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) ទំនើបៗ ជាពិសេសស្ថានីយបញ្ចូលថាមពលល្បឿនលឿន (Flash Charging) រយៈពេលត្រឹម ១០ នាទី ដែលកម្ពុជាជាប្រទេសដំបូងគេក្រៅពីប្រទេសចិនទទួលបានសិទ្ធិដំឡើង (គ្រោងដំណើរការ ១៨ ទីតាំងនៅភ្នំពេញ ព្រះសីហនុ និងសៀមរាប ត្រឹមដំណាច់ឆ្នាំ២០២៦) ព្រមទាំងការទស្សនាការធ្វើតេស្តសុវត្ថិភាពអាគុយ និងការសាកថ្មក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង។

វត្តមានរបស់ថ្នាក់ដឹកនាំធនាគារ FTB ក្នុងទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការត្រៀមលក្ខណៈ និងការប្តេជ្ញាចិត្តខ្ពស់របស់វិស័យធនាគារក្នុងស្រុក ក្នុងការគាំទ្រហិរញ្ញប្បទានបៃតង (Green Financing) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្អាត ការផ្តល់កម្ចីទិញយានយន្តអគ្គិសនីដល់សាធារណជន និងការចូលរួមជាដៃគូយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើបរិវត្តកម្មថាមពលបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។