Cam Bank News

មកដឹងឲ្យខ្ទេចថា លោក ដូណាល់ ត្រាំ មានទ្រព្យសម្បត្តិចំនួនប៉ុន្មាន?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ និងទើបឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងសកម្មភាពដាក់ពន្ធគយមិនសំចៃដៃទៅលើបណ្តាប្រទេសជាច្រើន។ ក្នុងនាមជាប្រធានាធិបតីរបស់ប្រទេសមហាអំណាចពិភពលោកបែបនេះ តើចំនួនទ្រព្យសម្បត្តិរបស់រូបលោកមានទំហំប៉ុណ្ណាទៅ?

លោក ត្រាំ ត្រូវបានគេទទួលស្គាល់ថាជា មហាសេដ្ឋីអចលនទ្រព្យ ដោយលោកមានទីលានវាយកូនហ្គោលចំនួន ១៩កន្លែង ព្រមទាំងអចលនទ្រព្យប្រណិតជាច្រើននៅជុំវិញពិភពលោក។ ការវិនិយោគរបស់គាត់ត្រូវបានទស្សនាវដ្តីធំៗដូចជា Forbes បានទំលាយថា រូបលោកមានទ្រព្យសម្បត្តិចំនួន ៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៦ ឧសភា ឆ្នាំ២០២៥ ។ ផ្នែកសំខាន់នៃទ្រព្យសម្បត្តិរបស់លោក គឺបានមកពីក្រុមហ៊ុន Trump Media & Technology Group ហើយក្រៅពីការរកស៊ីលើប្រព័ន្ធផ្សព្វផ្សាយ ទីលានវាយកូនហ្គោលចំនួន ១៩កន្លែង ស្ថិតនៅសហរដ្ឋអាមេរិក ស្កុតលែន អៀរឡង់ ក៏ជាប្រភពចំណូលមួយផ្នែកធំផងដែរ។

លើសពីនោះ អាណាចក្រអចលនទ្រព្យរបស់លោក រួមមានអាគារដ៏ល្បីល្បាញ Trump Tower ដ៏ល្បីល្បាញនៅ Fifth Avenue ក្នុងទីក្រុងញូយ៉ក។ អាគារមួយនេះ បម្រើការជាទីស្នាក់ការកណ្តាល ជាលំនៅដ្ឋានលំដាប់អភិជន ការិយាល័យ និងក៏ជាកន្លែងលក់ទំនិញប្រណិត។ ម្យ៉ាងវិញទៀត ភូមិគ្រឹះ Mar-a-Lago ស្ថិតនៅរដ្ឋ Florida ក៏ជាកន្លែងស្នាក់នៅដ៏ចម្បង ដែលលោក ត្រាំ ឧស្សាហ៍និយាយជាងគេផងដែរ។

គួរឲ្យស្ងប់ស្ងែងកាន់តែខ្លាំង នោះគឺជាសណ្ឋាគារលំដាប់អន្តរជាតិ និងលំនៅដ្ឋាន ដែលលាតសន្ធឹងតាមទីតាំងសំខាន់ៗនៅបណ្តាប្រទេសជាច្រើន។ លោក ត្រាំ កាន់កាប់អាគារពាណិជ្ជកម្មធំៗក្នុងទីក្រុងដូចជា New York, Chicago និង Las Vegas ។ ទន្ទឹមគ្នានេះដែរ យន្តហោះឯកជនរបស់គាត់ក៏មានប្រភេទ Boeing 757 តម្លៃរយលាន ក៏មានវត្តមានក្នុងកំដាប់ដៃមហាសេដ្ឋី និងជាប្រធានាធិបតីដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដូចគ្នា៕

Related Articles