ជាមួយនឹងគំនិតច្នៃប្រឌិតមិនធ្លាប់បានឃើញពីមុន ម៉ាស៊ីន ATM មាសដំបូងគេនៅទីក្រុងសៀងហៃ បានទាក់ទាញយ៉ាងខ្លាំងទៅដល់បណ្តាមហាជន ជាពិសេសប្រជាជនវ័យចំណាស់ ដែលមានគ្រឿងអលង្ការចាស់ៗ ហើយកំពុងតែមានបំណងចង់លក់បង្វិលយកសាច់ប្រាក់ ចំពេលទីផ្សារមាសពិភពលោកកំពុងឡើងថ្លៃខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ដោយស្ថិតនៅក្នុងផ្សារទំនើប Global Harbor នៃទីក្រុងសៀងហៃ ម៉ាស៊ីននេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ដោយពេលខ្លះត្រូវឈររង់ចាំ និងត្រូវធ្វើការកក់ទុកជាមុនជាច្រើនថ្ងៃសិន ដើម្បីអាចប្រើប្រាស់សេវាកម្មមួយនេះបាន។
ដើម្បីអាចប្រើប្រាស់ម៉ាស៊ីន ATM ដាក់មាសប្តូរចេញជាលុយបាន អ្នកប្រើប្រាស់ត្រូវបញ្ចូលគ្រឿងអលង្ការរបស់ពួកគេទៅក្នុងកន្លែងណែនាំ រួចទូរម៉ាស៊ីននឹងថ្លឹងទម្ងន់ បន្ទាប់មកវានឹងរំលាយ ហើយពិនិត្យ ថាស្ថិតនៅក្នុងកម្រិតមាសប្រភេទបែបណា។ ក្រោយប្រតិបត្តិការរួច ម៉ាស៊ីននេះនឹងគណនា រួចផ្តល់ប្រាក់ជាថ្នូរត្រឡប់មកវិញ តាមហាងឆេងទីផ្សារមាសជាក់ស្តែង ដោយដំណើរការពីដើមរហូតដល់ចប់ ម៉ាស៊ីនត្រូវការពេលវេលាជាមធ្យមប្រហែល ៣០នាទី និងយកថ្លៃសេវាចំនួន ២.៥០ដុល្លារ ឬមួយម៉ឺនរៀលពេលប្រើប្រាស់ម្តង។
សូមជម្រាបថា ម៉ាស៊ីន ATM មាស គ្រប់គ្រងដោយក្រុមហ៊ុន Kinghood Group ។ លោក Xie Chengcheng អ្នកគ្រប់គ្រងប្រតិបត្តិការនៅទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Kinghood បានបញ្ជាក់ថា ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ ដោយមានបំណងដំឡើងម៉ាស៊ីន ATM មាសឲ្យបានច្រើនជាង ១០០គ្រឿងនៅពាសពេញទីក្រុងសៀងហៃ ខណៈបច្ចុប្បន្នម៉ាស៊ីន ATM ប្រភេទនេះ បានដាក់រួចហើយនៅតាមទីក្រុងប៉េកាំង ក្វាងចូវ សិនជិន និងហុងកុង៕
