លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបិទក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការសហការផ្នែកបច្ចេកទេសជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីឱ្យគាត់អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានកាន់តែប្រសើរ ព្រមទាំងមានចំណេះដឹង និងជំនាញក្នុងការផ្តល់ការណែនាំ ផ្សព្វផ្សាយ និងអប់រំបន្តដល់សហគមន៍ គ្រួសារ ជាពិសេសអតិថិជនរបស់គ្រឹះស្ថាន។
ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ សិក្ខាកាមបានសិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទសំខាន់ៗ រួមមាន ការកំណត់គោលដៅហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូល និងចំណាយ ការរៀបចំកញ្ចប់ថវិកា ព្រមទាំងការសន្សំ និងការជ្រើសរើសផលិតផលហិរញ្ញវត្ថុ។ លើសពីនេះ សិក្ខាកាមក៏បានឈ្វេងយល់អំពីជម្រើសហិរញ្ញប្បទាន ការជ្រើសរើសផលិតផលឥណទាន និងវិធីការពារខ្លួនពីហានិភ័យនៃកម្ចីក្រៅផ្លូវការ និងការឆបោកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាប្រធានបទមានប្រយោជន៍ផ្សេងៗទៀត។

លោកជំទាវបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងគ្រួសាររបស់ខ្លួន ព្រមទាំងបញ្ជ្រាបចំណេះដឹងទាំងនេះទៅកាន់អតិថិជនរបស់ខ្លួន ក៏ដូចជាសហគមន៍ តាមរយៈការផ្តល់ការណែនាំ ការផ្សព្វផ្សាយ និងការបង្កើតមាតិកាអប់រំផ្នែកហិរញ្ញវត្ថុនៅតាមបណ្ដាញសង្គមផ្ទាល់ខ្លួន និងគ្រឹះស្ថាន។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងចូលរួមផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្ត និងចែករំលែកបន្ត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះមានចូលរួមពីបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាបុគ្គលិកសមាគមចំនួន ២៥នាក់ មកពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៦ គ្រឹះស្ថាន៕


