ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដោយកាលពីថ្ងៃទី២៥ សីហា កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន» រវាងប្រទេសទាំងពីរ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។

ការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្មីនេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងការបើកផ្លូវឱ្យមានការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់រវាងប្រជាជាតិទាំងពីរ។
អនុស្សរណៈនេះមិនត្រឹមតែជួយសម្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ឌីជីថលឆ្លងដែនឱ្យកាន់តែងាយស្រួល សុវត្ថិភាព និងចំណាយតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ ក្នុងការកសាងភាពរឹងមាំ និងពង្រីកទំហំនៃការដោះដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការទាក់ទាញលំហូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។

MOUនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធលើការងារសំខាន់ៗចំនួន ៤ រួមមាន៖ ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ និងទូទាត់ឌីជីថល, យោបាយរូបិយវត្ថុ និងការតាមដាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង ការគ្រប់គ្រង ប្រតិបត្តិការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ៕





