សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសហការរៀបចំសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុស្តីពីការពង្រឹងអភិបាលកិច្ច និងឧត្ដមភាពប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សម្រាប់តំបន់ទី៥ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងល្អក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយនិងអាជ្ញាធរមូលដ្ឋាន និងដើម្បីបង្កើនចំណេះដឹងថ្មីៗ ក៏ដូចជាយុទ្ធសាស្រ្តល្អៗ ទាក់ទងនឹងការដឹកនាំ និងគ្រប់គ្រងសាខាគ្រឹះស្ថាន ព្រមទាំងរក្សាបាននូវភាពរីកចម្រើនរបស់វិស័យប្រកបដោយចីរភាព និងបរិយាបន្ន។

សិក្ខាសាលានេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកស្រី ម៉ក់ រស្ម៉ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជា, លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា, ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក), លោកស្រី យឹម សូលីដា ប្រធាននាយកដ្ឋានកិច្ចការពារអតិថិជន ធនាគារជាតិនៃកម្ពុជា និងលោកស្រី អ៊ឹង ស៊ីនួន នាយករងសាខាធនាគារជាតិនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំលេខាធិការដ្ឋាននៃសមាគមទាំងពីរ និងសិក្ខាកាមដែលជាថ្នាក់ដឹកនាំសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រមាណជាង ៨០រូប។

តាមរយៈសិក្ខាសាលាសម្រាប់តំបន់ទី៥នេះ វាគ្មិនកិត្តិយស និងជំនាញៗដែលអញ្ជើញមកពីធនាគារជាតិនៃកម្ពុជា, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា បានឡើងធ្វើបទបង្ហាញគោលការណ៍អភិបាលកិច្ចល្អ និងគតិយុត្ត ចំណាត់ថ្នាក់ឥណទានតាមវិស័យសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ថានភាពឥណទាននៅតំបន់ភូមិភាគពាយ័ព្យ និងនិរតី នៃប្រទេសកម្ពុជា និងតួនាទីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទធនាគារ និងហិរញ្ញវត្ថុ។ កិច្ចពិភាក្សាតុមូលជជែកលើប្រធានបទ៖ “ការពង្រឹងគុណភាព ឥណទាន និងការគ្រប់គ្រងឥណទានមិនដំណើរការ ប្រកបដោយទំនួលខុសត្រូវ” ដែលមានលោក សុខ ចាន់ នាយកនៃនាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្រ្ត សមាគមធនាគារនៃកម្ពុជា ជាអ្នកសម្របសម្រួល និងមានវាគ្មិនកិត្តិយសចំនួន ៣រូប គឺលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា និងលោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់ សេវាហិរញ្ញវត្ថុ (FCPC)។





